ចង្កីសូត្រ ទី៥
[៦៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងដែនកោសល ព្រមដោយភិក្ខុសង្ឃជាច្រើន ក៏បានដល់ទៅស្រុកព្រាហ្មណ៍ ឈ្មោះឱបាសាទ របស់ដែនកោសល។ ដំណឹងនោះឮថា ព្រះមានជោគ ទ្រង់គង់ក្នុងសាលវ័ន ជាទេវវ័ន(១) នៅខាងជើងឱបាសាទគ្រាម ជិតឱបាសាទគ្រាម។ ក្នុងសម័យនោះឯង មានព្រាហ្មណ៍ម្នាក់ ឈ្មោះចង្កី នៅអាស្រ័យនឹងឱបាសាទគ្រាម ដែលជាស្រុកកុះករដោយសត្វ និងមនុស្ស បរិបូណ៌ដោយស្មៅ ឧស និងទឹក បរិបូណ៌ដោយធញ្ញាហារ ជាស្រុកព្រះរាជទ្រព្យ ដែលព្រះរាជាបសេនទិកោសល ទ្រង់ព្រះរាជទាន ជាព្រះរាជអំណោយដ៏ប្រសើរ គឺទ្រង់ប្រទានដោយដាច់ខាត។
[៦៤] ពួកព្រាហ្មណ៍ និងគហបតីនៅក្នុងឱបាសាទគ្រាម បានឮដំណឹងថា ព្រះសមណគោតម ជាសក្យបុត្រ ទ្រង់ចេញចាកសក្យត្រកូល ទ្រង់ព្រះផ្នួស ទ្រង់ពុទ្ធដំណើរមកកាន់ចារិក ក្នុងដែនកោសល ព្រមដោយភិក្ខុសង្ឃជាច្រើន បានដល់មកឱបាសាទគ្រាម ឥឡូវនេះ មកគង់ក្នុងឱបាសាទគ្រាម ក្នុងសាលវ័នជាទេវវ័ន នៅខាងជើងឱបាសាទគ្រាម
(១) ក្នុងព្រៃនោះ អ្នកផងតែងធ្វើពលិកម្មថ្វាយពួកទេវតា បានជាហៅថា ទេវវ័ន ឬនឹងហៅថា សាលវ័ន ក៏បាន។ អដ្ឋកថា។