កិត្តិសព្ទល្អ នៃព្រះគោតមដ៏ចំរើន អង្គនោះ ឮល្បីខ្ចរខ្ចាយ សុះសាយយ៉ាងនេះថា ព្រះមានជោគអង្គនោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹង និងក្រឹត្យដែលបុគ្គលគប្បីប្រព្រឹត្ត ព្រះអង្គមានព្រះដំណើរល្អទៅកាន់ព្រះនិព្វាន ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គជាអ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត ព្រះអង្គបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា ចំពោះព្រះអង្គ នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ហើយប្រកាស ទ្រង់សំដែងធម៌ មានលំអបទដើម មានលំអបទកណ្តាល និងបទចុង ព្រះអង្គប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់