ឡើយ ចង្កីដ៏ចំរើន មិនគួរចូលទៅគាល់ព្រះសមណគោតមទេ គួតែព្រះសមណគោតម ចូលមកចួបនឹងចង្កីដ៏ចំរើនវិញ ដ្បិតចង្កីដ៏ចំរើន មានកំណើតបរិសុទ្ធទាំងពីរចំណែក គឺខាងមាតា និងខាងបិតា ប្រសូតចាកគភ៌ដ៏បរិសុទ្ធ តាំងអំពីតំណ នៃជីដូនជីតាជាគំរប់៧មក មិនមានអ្នកណាមួយ រិះគន់ តិះដៀល ដោយពោលដល់ជាតិកំណើតបានឡើយ ចង្កីដ៏ចំរើន មានកំណើតបរិសុទ្ធទាំងពីរចំណែក គឺខាងមាតា និងខាងបិតា ប្រសូតចាកគភ៌ដ៏បរិសុទ្ធ តាំងអំពីតំណនៃជីដូនជីតា ជាគំរប់៧មក មិនមានអ្នកណាមួយ រិះគន់ តិះដៀល ដោយពោលដល់ជាតិកំណើតបានឡើយ ដោយហេតុណា ហេតុនោះ បានជាចង្កីដ៏ចំរើន មិនគួរចូលទៅគាល់ព្រះសមណគោតមទេ គួរតែព្រះសមណគោតមចូលមកចួបនឹងចង្កីដ៏ចំរើនវិញ មួយទៀត ចង្កីដ៏ចំរើន ជាអ្នកស្តុកស្តម្ភ មានទ្រព្យច្រើន មានគ្រឿងបរិភោគច្រើន មិនតែប៉ុណ្ណោះ ចង្កីដ៏ចំរើន ចេះចប់ត្រៃវេទ ព្រមទាំងគម្ពីរនិឃណ្ឌុ និងគម្ពីរកេដុភៈ ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមានគម្ពីរឥតិហាសៈ ជាគំរប់៥ ជាអ្នកស្គាល់នូវបទ និងវេយ្យាករណ៍ ជាអ្នកមិនឱនថយ គឺស្ទាត់ជំនាញ ក្នុងលោកាយតសាស្ត្រ និងមហាបុរិសលក្ខណព្យាករណសាស្ត្រ