មិនគួរឲ្យព្រះគោតមដ៏ចំរើននោះ ចូលមកចួបនឹងយើងទេ គួរតែយើងរាល់គ្នា ចូលទៅគាល់ព្រះគោតមដ៏ចំរើននោះ ដោយពិត នែអ្នកទាំងឡាយដ៏ចំរើន ឮថា ព្រះសមណគោតម ទ្រង់លះបង់មាសប្រាក់មានប្រមាណច្រើន ដែលឋិតនៅលើផែនដី ទាំងឋិតនៅក្នុងវេហាស៍ គឺក្នុងប្រាសាទជាន់លើ ហើយចេញទៅទ្រង់ព្រះផ្នួស នែគ្នាយើង ឮថាព្រះសមណគោតម ព្រះអង្គជាកម្ល៉ោះនៅឡើយ មានព្រះកេសាខ្មៅស្រិល ប្រកបដោយវ័យដ៏ចំរើន គឺបឋមវ័យ ទ្រង់ចេញចាកគេហដ្ឋាន ចូលទៅកាន់ផ្នួស នែគ្នាយើង ឮថា ព្រះសមណគោតម កាលព្រះវរមាតាបិតា មិនពេញព្រះហឫទ័យ (នឹងការទ្រង់ព្រះផ្នួស) កំពុងមានព្រះភក្ត្រជោកជាំ ដោយទឹកព្រះនេត្រ ទ្រង់ព្រះកន្សែងសោយសោក ព្រះអង្គ ទ្រង់ដាក់ព្រះកេសា និងព្រះមស្សុ ទ្រង់ព្រះកាសាវពស្ត្រ ហើយចេញចាកគេហដ្ឋាន ចូលទៅកាន់ផ្នួស នែគ្នាយើង ឮថា ព្រះសមណគោតម មានព្រះរូបល្អ គួរឲ្យរមិលមើល គួរជាទីជ្រះថ្លា ប្រកបដោយព្រះវណ្ណៈដ៏ល្អក្រៃលែង មានព្រះវណ្ណៈស្រដៀងនឹងព្រហ្ម មានព្រះសរីរៈស្រដៀងនឹងព្រហ្ម មានព្រះសព៌ាង្គរាងកាយ គួរឲ្យចង់មើលមិនលែង នែគ្នាយើង ឮថា ព្រះសមណគោតម ទ្រង់មានសីល