មានជោគ មានព្រះតម្រិះយ៉ាងនេះថា កាបទិកមាណព មុខជានឹងបានសម្រេចត្រៃវិជ្ជា ក្នុងព្រះពុទ្ធសាសនាដោយពិត ព្រោះហេតុនោះ បានជាពួកព្រាហ្មណ៍ លើកកាបទិកមាណពនោះជាត្រីមុខ។ គ្រានោះ កាបទិកមាណព មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលណាបើព្រះសមណគោតម ទ្រង់ឆ្មៀងព្រះនេត្រមកចំភ្នែករបស់អញ អញនឹងសួរប្រស្នា ចំពោះព្រះសមណគោតម ក្នុងកាលនោះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវបរិវិតក្កៈ ក្នុងចិត្តរបស់កាបទិកមាណព ដោយព្រះហឫទ័យរបស់ព្រះអង្គហើយ ទើបឆ្មៀងព្រះនេត្រ ចំពោះទៅរកកាបទិកមាណព។ គ្រានោះ កាបទិកមាណព មានសេចក្តីត្រិះរិះ យ៉ាងនេះថា ព្រះសមណគោតម មើលមកអញហើយតើ បើដូច្នោះ មានតែអញសួរប្រស្នា ចំពោះព្រះសមណគោតម។ លំដាប់នោះ កាបទិកមាណព ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន បទមន្តចាស់ របស់ពួកព្រាហ្មណ៍ដែលប្រកាន់តៗគ្នាថា ដូច្នេះៗ ប្រកាន់តាមក្បួន ក៏បណ្តាពួកព្រាហ្មណ៍ទាំងនោះ ពួកព្រាហ្មណ៍ដែលដល់នូវសេចក្តីចូលចិត្ត ដោយចំណែកមួយថា ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ ក្នុងសេចក្តីនេះ ព្រះគោតមដ៏ចំរើន ទ្រង់សំដែងថាដូចម្តេចទៅវិញ។