[៧២] ព្រះបរមគ្រូទ្រង់ត្រាស់ថា ម្នាលភារទ្វាជៈ កាលពីមុន អ្នកថាជឿ ឥឡូវនេះ អ្នកថាឮតាមគេ ម្នាលភារទ្វាជៈ ធម៌ទាំង៥យ៉ាងនេះ មានវិបាក២យ៉ាង ក្នុងបច្ចុប្បន្ន ធម៌ទាំង៥យ៉ាង តើដូចម្តេច ធម៌ទាំង៥យ៉ាងគឺ សេចក្តីជឿ១ សេចក្តីគាប់ចិត្ត១ ការឮតាមគ្នា១ ការត្រិះរិះនូវអាការ១ សេចក្តីចូលចិត្តតាមការយល់១ ម្នាលភារទ្វាជៈ ធម៌ទាំង៥នេះឯង មានវិបាក២យ៉ាង ក្នុងបច្ចុប្បន្ន ម្នាលភារទ្វាជៈ គឺហេតុណា ដែលបុគ្គលជឿស៊ប់ តែហេតុនោះ ជាហេតុសោះសូន្យទទេ កុហកសោះក៏មាន ហេតុណា ដែលបុគ្គលមិនជឿស៊ប់ទេ តែហេតុនោះ ជាហេតុពិតប្រាកដ មិនមែនជាដទៃក៏មាន ម្នាលភារទ្វាជៈ មួយទៀត ហេតុណា ដែលបុគ្គលគាប់ចិត្តស៊ប់។បេ។ ពាក្យណា ដែលបុគ្គលឮច្បាស់តាមគ្នា។បេ។ ហេតុណា ដែលបុគ្គលត្រិះរិះឃើញជាក់។បេ។ ហេតុណា ដែលបុគ្គលចូលចិត្តស៊ប់ តែហេតុនោះ ជាហេតុសោះសូន្យទទេ កុហកសោះក៏មាន ហេតុណា ដែលបុគ្គលមិនចូលចិត្តស៊ប់ទេ តែហេតុនោះ ជាហេតុពិតប្រាកដ មិនមែនជាដទៃក៏មាន ម្នាលភារទ្វាជៈ បុរសជាអ្នកប្រាជ្ញ អ្នករក្សាសច្ចៈ មិនគួរ