ទ្រង់ទទួលម្ហូមហើយ ទ្រង់សោយភត្តដោយល្មម ប្រមាណដល់ម្ហូប(១) មិនសោយម្ហូបឲ្យលើសលុបពំនូតភត្ត ឬមិនសោយភត្ត ឲ្យលើសលុបម្ហូបឡើយ។ ព្រះគោតមដ៏ចំរើននោះ ទ្រង់គ្រលៀវពំនូតភត្ត ក្នុងព្រះឱស្ឋ កំណត់ត្រឹមពីរបីដង ហើយទ្រង់លេបទៅ។ ឯសាច់ភត្តបន្តិចបន្តួច ដែលមិនទាន់ល្អិត ក៏មិនចូលទៅកាន់ព្រះកាយរបស់ព្រះអង្គឡើយ។ លុះតែមិនសល់សាច់ភត្តបន្តិចបន្តួច នៅក្នុងព្រះឱស្ឋព្រះអង្គ។ ទើបព្រះអង្គបង្អោននូវពំនូតភត្តដទៃទៀត ឲ្យចូលទៅ។ ព្រះគោតមដ៏ចំរើននោះ ទ្រង់សោយអាហារ ទ្រង់ឆ្ងាញ់ពិសាតែរសអាហារប៉ុណ្ណោះ មិនបានឆ្ងាញ់ពិសា ព្រោះតម្រេកក្នុងរសអាហារឡើយ។ ព្រះគោតមដ៏ចំរើននោះ ទ្រង់សោយអាហារ ប្រកបដោយអង្គ៨ គឺទ្រង់សោយដើម្បីនឹងលេងក៏ទេ ដើម្បីនឹងឲ្យកើតសេចក្តីស្រវឹងក៏ទេ ដើម្បីនឹងប្រដាប់រាងកាយក៏ទេ ដើម្បីនឹងស្អិតស្អាងរាងកាយក៏ទេ ដើម្បីនឹងឲ្យតាំងនៅនៃកាយនេះ ដើម្បីនឹងញុំាងជីវិតិន្ទ្រិយឲ្យប្រព្រឹត្តទៅ ដើម្បីនឹងបំបាត់បង់ នូវនូវសេចក្តីលំបាក ដើម្បីនឹងអនុគ្រោះ ដល់ព្រហ្មចារ្យ ទ្រង់ពិចារណាថា អាត្មាអញ នឹងកំចាត់បង់ នូវវេទនាចាស់ គឺសេចក្តីឃ្លានចេញផង នឹងញុំាងវេទនាថ្មី គឺឆ្អែតហួសប្រមាណ មិនឲ្យកើតឡើងបានផង
(១) បរិភោគអាហារឲ្យមានបាយជាភាគទី៤ គឺចំនួនម្ហូប៣ភាគ បាយ១ភាគ ជាភាគទី៤ នេះជាកំណត់យ៉ាងច្រើនបំផុត។ (អដ្ឋកថា)។