កិរិយាប្រព្រឹត្តទៅ (នៃឥរិយាបថទាំង៤)ក្តី សេចក្តីមិនមានទោស (មានមិនច្រអូសកាយ មិនច្រអូសចិត្តជាដើម)ក្តី កិរិយានៅសប្បាយក្តី នឹងមានដល់អាត្មាអញ។ លុះព្រះអង្គសោយរួចហើយ កាលដែលទ្រង់ទទួលទឹកលាងបាត្រ មិនលើកបាត្រឡើងឲ្យខ្ពស់ពេក មិនដាក់បាត្រឲ្យទាបពេក មិនទប់ទល់បាត្រឲ្យរឹង មិនបានគ្រលែងបាត្រ។ ព្រះអង្គទ្រង់ទទួលទឹកលាងបាត្រ មិនឲ្យតិចពេក មិនឲ្យច្រើនពេក។ ព្រះអង្គលាងបាត្រ មិនធ្វើឲ្យឮសូរខ្លូកខ្លូក ទ្រង់លាងបាត្រមិនបង្វិលបាត្រឲ្យវិលជុំវិញ មិនដាក់បាត្រលើផែនដី ហើយលាងព្រះហស្តឡើយ។ កាលដែលលាងព្រះហស្តហើយស្រេច បាត្រក៏លាងហើយស្រេច កាលដែលលាងបាត្រហើយស្រេច ព្រះហស្តក៏លាងហើយស្រេចដែរ។ ព្រះអង្គទ្រង់ចាក់ទឹកលាងបាត្រ ក្នុងទីមិនឆ្ងាយពេក មិនជិតពេក ទ្រង់មិនបាចសាចផ្តេសផ្តាសឡើយ។ លុះព្រះអង្គសោយរួចហើយ មិនដាក់បាត្រលើផែនដី ទ្រង់ទុកបាត្រ ក្នុងទីមិនឆ្ងាយពេក មិនជិតពេក ព្រះអង្គ មិនមែនជាមិនត្រូវការដោយបាត្រទេ ទាំងទ្រង់រក្សាបាត្រ មិនឲ្យហួសវេលា។ លុះព្រះអង្គសោយរួចហើយ ទ្រង់គង់ស្ងៀមមួយស្របក់។ ព្រះអង្គ មិនញុំាងកាលនៃមនុស្ស អ្នកត្រូវការដោយអនុមោទនា ឲ្យកន្លងហួសទៅឡើយ។