[៨០] ព្រះមានព្រះភាគ ត្រាស់សួរថា ម្នាលព្រាហ្មណ៍ ចុះលោកទាំងមូល យល់ព្រមដាច់ស្រេច នូវការបញ្ញត្តិ របស់ពួកព្រាហ្មណ៍នុ៎ះ ថា ចូរពួកព្រាហ្មណ៍ បញ្ញត្តនូវការបំរើ ទាំង៤យ៉ាងនេះចុះ ដូច្នេះដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន លោកទាំងមូល មិនយល់ព្រម នូវការបញ្ញត្តិនេះទេ។ ម្នាលព្រាហ្មណ៍ បុរសកំសត់ ឥតយស មិនស្តុកស្តម្ភ ពួកឈ្មួញរទេះ យកចំណែកសាច់ (គោរបស់ខ្លួន ដែលស្លាប់តាមផ្លូវ) ផ្តែកវេរឲ្យដល់បុរសកំសល់នោះ ដែលមិនចង់បាន ដោយបង្ខំថា នែវ៉ឺយបុរស ឯងត្រូវតែស៊ីសាច់នេះ ទាំងត្រូវសងថ្លៃផង សេចក្តីនេះ មានឧបមាយ៉ាងណា ម្នាលព្រាហ្មណ៍ ដោយការដែលពួកសមណព្រាហ្មណ៍នោះ មិនបានយល់ព្រមសោះ ស្រាប់តែពួកព្រាហ្មណ៍ មកបញ្ញត្តការបំរើ ទាំង៤យ៉ាងនេះ ក៏មានឧបមេយ្យ យ៉ាងនោះដែរ។ ម្នាលព្រាហ្មណ៍ តថាគត មិនពោលថា ត្រូវតែបំរើអ្នកទាំងអស់ (នោះ) ទេ ម្នាលព្រាហ្មណ៍ តែតថាគត នឹងបានពោលថា មិនត្រូវបំរើទាំងអស់ ក៏ទេដែរ។ ម្នាលព្រាហ្មណ៍ ព្រោះថា កាលបើគេបំរើបុគ្គលណា ត្រឡប់ជាបានបាបក្រៃពេក មិនបានប្រយោជន៍ ព្រោះហេតុការបំរើ តថាគត មិនពោលថា ត្រូវបំរើបុគ្គលនោះទេ ម្នាលព្រាហ្មណ៍ តែថា កាលគេបំរើបុគ្គលណា បានប្រយោជន៍ មិនបានបាប ព្រោះហេតុតែការបំរើទេ តថាគត ពោលថា ត្រូវបំរើបុគ្គលនោះចុះ។