ម្នាលព្រាហ្មណ៍ ប្រសិនបើគេសួរក្សត្រិយ៍ យ៉ាងនេះថា កាលបើព្រះអង្គបំរើបុគ្គលណា ទ្រង់ក្លាយទៅជាមនុស្សលាមកក្រៃពេក មិនបានជាមនុស្សប្រសើរវិសេស ព្រោះហេតុតែការបំរើ មួយទៀត កាលបើព្រះអង្គបំរើបុគ្គលណា បានជាបុគ្គលគាប់ប្រសើរ មិនក្លាយជាបុគ្គលថោកថយ ព្រោះហេតុតែការបំរើទេ បណ្តាបុគ្គលទាំងពីរនុ៎ះ តើព្រះអង្គ ត្រូវបំរើបុគ្គលណា។ ម្នាលព្រាហ្មណ៍ កាលបើក្សត្រិយ៍ឆ្លើយតបដោយត្រឹមត្រូវ គួរឆ្លើយតប យ៉ាងនេះថា កាលខ្ញុំបំរើបុគ្គលណា ក្លាយខ្លួនទៅជាមនុស្សលាមកក្រៃពេក មិនបានជាមនុស្សប្រសើរវិសេស ព្រោះហេតុតែការបំរើទេ ខ្ញុំមិនត្រូវបំរើបុគ្គលនោះឡើយ លុះតែខ្ញុំបំរើបុគ្គលណា បានការគាប់ប្រសើរ មិនបានការអាក្រក់ ព្រោះហេតុតែការបំរើ ទើបខ្ញុំត្រូវបំរើបុគ្គលនោះ។ ម្នាលព្រាហ្មណ៍ បើគេសួរព្រាហ្មណ៍... ម្នាលព្រាហ្មណ៍ បើគេសួរវេស្សៈ... ម្នាលព្រាហ្មណ៍ បើគេសួរសុទ្ទៈ យ៉ាងនេះថា កាលបើអ្នកបំរើបុគ្គលណា ត្រឡប់បានជាបាប មិនបានការគាប់ប្រសើរ ព្រោះការបំរើជាហេតុទេ មួយទៀត កាលបើអ្នក បំរើបុគ្គលណា បានការគាប់ប្រសើរ មិនបានការអាក្រក់ ព្រោះការបំរើជាហេតុទេ