បពិត្រព្រះគោតមដ៏ចំរើន បណ្តាទ្រព្យ ទាំង៤នោះ ពួកព្រាហ្មណ៍ បញ្ញត្តការប្រព្រឹត្តិសូមនេះ ថាជាទ្រព្យសំរាប់ខ្លួនរបស់ព្រាហ្មណ៍ ប្រសិនបើព្រាហ្មណ៍មើលងាយ នូវការប្រព្រឹត្តិសូម ដែលជាទ្រព្យរបស់ខ្លួនហើយ ឈ្មោះថា ជាអ្នកមិនធ្វើអំពើដែលខ្លួនត្រូវធ្វើ ដូចអ្នករក្សាទ្រព្យ លួចយកទ្រព្យ ដែលគេមិនបានឲ្យ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ បញ្ញត្តការប្រព្រឹត្តិសូមនេះ ថាជាទ្រព្យសំរាប់ខ្លួនរបស់ព្រាហ្មណ៍ យ៉ាងនេះឯង។ បពិត្រព្រះគោតមដ៏ចំរើន បណ្តាទ្រព្យ ទាំង៤នោះ ពួកព្រាហ្មណ៍ បញ្ញត្តធ្នូ និងបំពង់ព្រួញនេះ ថាជាទ្រព្យសំរាប់ខ្លួនរបស់ក្សត្រិយ៍ ប្រសិនបើក្សត្រិយ៍មើលងាយ ធ្នូ និងបំពង់ព្រួញ ដែលជាទ្រព្យរបស់ខ្លួនហើយ ឈ្មោះថា ជាអ្នកមិនធ្វើការងារ ដែលខ្លួនត្រូវធ្វើ ដូចអ្នករក្សាទ្រព្យ លួចទ្រព្យ ដែលគេមិនបានឲ្យ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ បញ្ញត្តធ្នូ និងបំពង់ព្រួញនេះ ថាជាទ្រព្យសំរាប់ខ្លួនរបស់ក្សត្រិយ៍ យ៉ាងនេះឯង។ បពិត្រព្រះគោតមដ៏ចំរើន បណ្តាទ្រព្យ ទាំង៤នោះ ពួកព្រាហ្មណ៍ បញ្ញត្តការភ្ជួររាស់ និងការរក្សាគោនេះ ថាជាទ្រព្យសំរាប់ខ្លួនរបស់វេស្សៈ ប្រសិនបើវេស្សៈមើលងាយ ការភ្ជួររាស់ និងការរក្សាគោ ដែលជាទ្រព្យរបស់ខ្លួនហើយ ឈ្មោះថា ជាអ្នកមិនធ្វើកិច្ច ដែលខ្លួនត្រូវធ្វើ ដូចអ្នករក្សាទ្រព្យ លួចទ្រព្យ ដែលគេមិនបានឲ្យ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ បញ្ញត្តការភ្ជួររាស់ និងការរក្សាគោនេះ ថាជាទ្រព្យសំរាប់ខ្លួនរបស់វេស្សៈ យ៉ាងនេះឯង។