ព្រះគោតមដ៏ចំរើននោះ ទ្រង់មិនបានខ្វល់ខ្វាយ ក្នុងការប្រកបគ្រឿងប្រដាប់ព្រះបាទទេ។ លុះព្រះអង្គ ទ្រង់លាងព្រះបាទរួចហើយ ក៏គង់ផ្គត់ព្រះភ្នែន តម្កល់កាយឲ្យត្រង់ ផ្ចង់ស្មារតី ឲ្យមានមុខឆ្ពោះទៅរកកម្មដ្ឋាន។ ព្រះអង្គ មិនទ្រង់ព្រះតម្រិះ ដើម្បីបៀតបៀនខ្លួនឯង មិនទ្រង់ព្រះតម្រិះ ដើម្បីបៀតបៀនអ្នកដទៃ មិនទ្រង់ព្រះតម្រិះ ដើម្បីបៀតបៀនទាំងពីរខាង។ ព្រះគោតមដ៏ចំរើននោះ ទ្រង់គង់ត្រិះរិះតែអំពីប្រយោជន៍ នៃសត្វលោកទាំងអស់ គឺប្រយោជន៍ខ្លួន ប្រយោជន៍អ្នកដទៃ ឬប្រយោជន៍ទាំងពីរខាង។ ព្រះអង្គស្តេចទៅកាន់អារាម ទ្រង់សំដែងធម៌ ក្នុងកណ្តាលបរិស័ទ មិនបានលើកបញ្ជោរបរិស័ទនោះ មិនបានតិះដៀលបរិស័ទនោះ ទ្រង់ញុំាងបរិស័ទនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា តាមពិត។ ព្រះគោតមដ៏ចំរើននោះ ទ្រង់មានព្រះសូរសេង(១) ប្រកបដោយអង្គ៨ លាន់ចេញអំពីព្រះឱស្ឋ គឺព្រះសូរសេងជ្រះស្រឡះ១ ញុំាងបុគ្គលឲ្យដឹងសេចក្តីច្បាស់១ ទន់ពីរោះ១ គួរស្តាប់១ ណែន១ មិនរាត់រាយ គឺព្រះសូរសេងមូល១ ក្រអួន១
(១) សូរសេង គឺសូរសំឡេង សៀមយកទៅប្រើក្លាយជា សូរសៀង។