វាសេដ្ឋសូត្រ ទី៨
[១២១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងដងព្រៃឈ្មោះឥច្ឆានង្គលៈ ជិតស្រុកឈ្មោះឥច្ឆានង្គលៈ។ សម័យនោះឯង មានព្រាហ្មណមហាសាលជាច្រើន សុទ្ធតែជាអ្នកមានកេរ្តិឈ្មោះ ល្បីល្បាញ អាស្រ័យនៅក្នុងស្រុកឥច្ឆានង្គលៈ គឺចង្កីព្រាហ្មណ៍ ១ តារុក្ខព្រាហ្មណ៍ ១ បោក្ខរសាតិព្រាហ្មណ៍ ១ ជាណុស្សោណិព្រាហ្មណ៍ ១ តោទេយ្យព្រាហ្មណ៍ ១ មិនតែប៉ុណ្ណោះសោត មានទាំងពួកព្រាហ្មណមហាសាលដទៃទៀត ក៏សឹងជាអ្នកមានកេរ្តិឈ្មោះល្បីល្បាញដែរ។ វេលានោះ វាសេដ្ឋមាណព និងភារទ្វាជមាណព ទាំងពីរនាក់ កំពុងដើរទៅដើរមក ដើម្បីសម្រួលស្មង ក៏ផ្តើមនូវអន្តរាកថានេះថា ម្នាលអ្នកដ៏ចំរើន មនុស្សឈ្មោះថាព្រាហ្មណ៍ តើដោយហេតុដូចម្តេច។ ភារទ្វាជមាណព បានឆ្លើយយ៉ាងនេះថា