ចំណែកខ្ញុំព្រះអង្គពោលថា ព្រោះកម្ម បពិត្រព្រះអង្គអ្នកមានចក្ខុ សូមព្រះអង្គទ្រង់ជ្រាបយ៉ាងនេះ ដោយហេតុនោះហើយ បានជាខ្ញុំព្រះអង្គទាំងពីរនាក់ មិនអាចញុំាងគ្នានឹងគ្នាឲ្យដឹងបាន ទើបនាំគ្នាមកក្រាបទូលសួរព្រះមានព្រះភាគ ដែលប្រាកដថា ជាព្រះសម្ពុទ្ធ ពួកជនតាំងអញ្ជលីកម្ម ថ្វាយបង្គំ ចំពោះទៅរកព្រះចន្ទពេញវង់ យ៉ាងណា គេក៏ថ្វាយបង្គំ ចំពោះព្រះគោតមក្នុងលោក យ៉ាងនោះដែរ ខ្ញុំព្រះអង្គទាំងពីរនាក់ សូមទូលសួរព្រះគោតម ដែលមានដួងចក្ខុកើតឡើង បរិសុទ្ធស្អាតក្នុងលោកថា បុគ្គលដែលជាព្រាហ្មណ៍នោះ តើព្រោះជាតិ ឬព្រោះកម្ម ដ្បិតខ្ញុំព្រះអង្គទាំងពីរនាក់មិនស្គាល់ សូមព្រះអង្គទ្រង់សំដែង ល្មមឲ្យខ្ញុំព្រះអង្គទាំងពីរនាក់ ស្គាល់ថាព្រាហ្មណ៍បានផង។