[១២៧] លុះសុភមាណព ជាបុត្រតោទេយ្យព្រាហ្មណ៍ ទទួលពាក្យរបស់គហបតីនោះហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ទៅរកព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះសុភមាណព ជាបុត្រតោទេយ្យព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ច្រើន និយាយគ្នា យ៉ាងនេះថា គ្រហស្ថ ទើបជាអ្នកបំពេញនូវហេតុ គឺកុសលធម៌បាន ឯបព្វជិត បំពេញនូវហេតុ គឺកុសលធម៌មិនបានឡើយ ដូច្នេះ តើក្នុងសេចក្តីនេះ ព្រះគោតមដ៏ចំរើន នឹងទ្រង់ត្រាស់ថាដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលមាណព ក្នុងសេចក្តីនេះ តថាគត ជាអ្នកពោលញែក ក្នុងសេចក្តីនេះ តថាគត មិនបានពោលដោយចំណែកមួយទេ ម្នាលមាណព តថាគត ពណ៌នានូវសេចក្តីប្រតិបត្តិខុស របស់គ្រហស្ថខ្លះ របស់បព្វជិតខ្លះ ម្នាលមាណព ព្រោះថា គ្រហស្ថក្តី បព្វជិតក្តី តែប្រតិបត្តិខុសហើយ