[១៣៥] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សុភមាណព ជាបុត្ររបស់តោទេយ្យព្រាហ្មណ៍ ដែលត្រូវព្រះមានព្រះភាគ ត្រាស់ឧបមាថា ដូចជាមនុស្សខ្វាក់ទាំងជួរ ក៏ខឹង អាក់អន់ចិត្ត ជេរព្រះមានព្រះភាគ ប្រទេចព្រះមានព្រះភាគ និយាយនឹងព្រះមានព្រះភាគថា ព្រះសមណគោតម ធ្វើអាត្មាអញឲ្យមានសេចក្តីអាក្រក់ ដូច្នេះហើយ ក៏និយាយនឹងព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ព្រាហ្មណ៍ឈ្មោះបោក្ខរសាតិ ជាឱបមញ្ញគោត្រ ជាធំក្នុងសុភគវនជនបទ (ក្នុងស្រុកឧកដ្ឋា) បានពោលយ៉ាងនេះថា សមណព្រាហ្មណ៍ពួកខ្លះ ប្តេជ្ញានូវឧត្តរិមនុស្សធម៌ ដែលជាគុណវិសេស គួរឃើញដោយញាណ ដ៏ប្រសើរ យ៉ាងនេះឯង ភាសិតរបស់សមណព្រាហ្មណ៍ទាំងនោះ នាំឲ្យតែគេសើចលេង នាំឲ្យតែអាក្រក់ឈ្មោះ ជារបស់នាំឲ្យឥតប្រយោជន៍ សោះសូន្យទទេ ព្រោះថា ធម្មតា មនុស្សនឹងដឹង ឬនឹងឃើញ ឬនឹងធ្វើឲ្យច្បាស់ នូវឧត្តរិមនុស្សធម៌ ដែលជាគុណវិសេស គួរឃើញ ដោយញាណដ៏ប្រសើរ ដូចម្តេចបាន ការណ៍ដូច្នេះនេះ មិនមានឡើយ។