[១១] គ្រានោះ ព្រហ្មាយុព្រាហ្មណ៍ ចូលទៅគាល់ព្រះមានព្រះភាគ។ ឯបរិស័ទនោះ បានឃើញព្រហ្មាយុព្រាហ្មណ៍ ដើរមកអំពីចម្ងាយ លុះឃើញហើយ ក៏ថយចេញ បើកឱកាសឲ្យ ដូចជាបុគ្គល បើកឱកាសដល់បុគ្គល ដែលមានកេរ្តិ៍ឈ្មោះ មានយស។ លំដាប់នោះ ព្រហ្មាយុព្រាហ្មណ៍ ពោលនឹងបរិស័ទនោះ ដូច្នេះថា នែអ្នកទាំងឡាយដ៏ចំរើន ណ្ហើយ ចូរអ្នកទាំងឡាយ អង្គុយលើអាសនៈ ជារបស់ខ្លួនចុះ ខ្ញុំនឹងអង្គុយក្នុងទីជិតព្រះសមណគោតម ក្នុងទីនេះ។ ទើបព្រហ្មាយុព្រាហ្មណ៍ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ អង្គុយក្នុងទីសមគួរ។ លុះព្រហ្មាយុព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ពិនិត្យមើល នូវមហាបុរិសលក្ខណៈទាំង៣២ក្នុងព្រះកាយ នៃព្រះមានព្រះភាគ។ ព្រហ្មាយុព្រាហ្មណ៍ ក៏បានឃើញ នូវមហាបុរិសលក្ខណៈទាំង៣២ ក្នុងព្រះកាយ នៃព្រះមានព្រះភាគ ដោយច្រើន វៀរលែងតែមហាបុរិសលក្ខណៈ២ប្រការ ក៏សង្ស័យ ងឿងឆ្ងល់ មិនចូលចិត្ត មិនជ្រះស្រឡះ ក្នុងមហាបុរិសលក្ខណៈ ទាំង២ប្រការនោះ គឺអវយវៈ ដែលត្រូវលាក់ក្នុងសំពត់ ឋិតនៅក្នុងស្រោម១