សគារវមាណព បានឮនាងធនញ្ជានីព្រាហ្មណី ពោលវាចាយ៉ាងនេះ លុះឮហើយ ក៏ពោលទៅនឹងនាងធនញ្ជានីព្រាហ្មណី ដូច្នេះថា នាងធនញ្ជានីព្រាហ្មណីនេះ ជាស្ត្រីគំរក់ផង នាងធនញ្ជានីព្រាហ្មណីនេះ ជាស្ត្រីដល់នូវសេចក្តីវិនាសផង ព្រោះថា ពួកព្រាហ្មណ៍ ដែលបាននូវវិជ្ជាបី ក៏មានដែរ ហេតុអ្វីក៏នៅតែពោលសរសើរគុណសមណៈត្រងោលនោះទៀត។ នាងធនញ្ជានីព្រាហ្មណីពោលថា នែអ្នកមានមុខស្រស់បស់ ហេតុតែអ្នកមិនស្គាល់សីល និងបញ្ញា របស់ព្រះមានព្រះភាគអង្គនោះ នែអ្នកមានមុខស្រស់បស់ ប្រសិនបើអ្នកស្គាល់សីល និងបញ្ញា របស់ព្រះមានព្រះភាគអង្គនោះ នែអ្នកមានមុខស្រស់បស់ អ្នកមិនគួរសំគាល់ នូវព្រះមានព្រះភាគអង្គនោះថា ជាបុគ្គលគួរជេរ គួរប្រទេចសោះឡើយ។ សគារវមាណព តបថា ម្នាលនាងដ៏ចំរើន បើដូច្នោះ ព្រះសមណគោតម ស្តេចមកដល់បច្ចលកប្បគ្រាមក្នុងកាលណា នាងត្រូវប្រាប់ដល់យើង ក្នុងកាលនោះផង។ នាងធនញ្ជានីព្រាហ្មណី ទទួលពាក្យរបស់សគារវមាណពថា ចា៎ស អ្នកមានមុខស្រស់បស់។