គប្បីធ្វើឲ្យជាក់ច្បាស់ដោយប្រាជ្ញា នូវលទ្ធិអាចារ្យជារបស់ខ្លួន ហើយសម្រេចសម្រាន្តនៅបាន ដោយកាលមិនយូរប៉ុន្មាន។ ម្នាលភារទ្វាជៈ មិនយូរប៉ុន្មាន តថាគត ក៏រៀនធម៌នោះ ចប់ភ្លាម។ ម្នាលភារទ្វាជៈ តថាគត ពោលនូវញាណវាទផង ថេរវាទផង ដោយគ្រាន់តែបង្ហើបបបូរមាត់ ដោយគ្រាន់តែហាមាត់និយាយប៉ុណ្ណោះ ទាំងតថាគត ទាំងអ្នកដទៃ ក៏អាចប្តេជ្ញាថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះបាន។ ម្នាលភារទ្វាជៈ តថាគត មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាឡារតាបស កាលាមគោត្រ មិនហ៊ានប្រកាសថា ខ្ញុំធ្វើឲ្យជាក់ច្បាស់ នូវធម៌នេះ ដោយប្រាជ្ញាខ្លួនឯង ដោយត្រឹមតែសទ្ធាប៉ុណ្ណោះ ហើយសម្រេចសម្រាន្តនៅ ដូច្នេះឡើយ តាមពិត អាឡារតាបសកាលាមគោត្រ គ្រាន់តែយល់ឃើញ នូវធម៌នេះប៉ុណ្ណោះ។ ម្នាលភារទ្វាជៈ ក្នុងកាលជាខាងក្រោយមក តថាគត ចូលទៅរកអាឡារតាបស កាលាមគោត្រ លុះចូលទៅដល់ហើយ ទើបពោលនឹងអាឡារតាបកាលាមគោត្រ យ៉ាងនេះថា ម្នាលកាលាមៈ មានអាយុ អ្នកបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌នេះ ដោយប្រាជ្ញាខ្លួនឯង ហើយអាចសំដែងបាន ដោយចំណែកមានប៉ុន្មានខ្លះឬទេ។ ម្នាលភារទ្វាជៈ កាលបើតថាគតពោលយ៉ាងនេះហើយ