ដល់ហើយ ក៏ពោលនឹងឧទ្ទកតាបសរាមបុត្រ យ៉ាងនេះថា ម្នាលរាមៈមានអាយុ ខ្ញុំប្រាថ្នានឹងប្រព្រឹត្តព្រហ្មចរិយៈ ក្នុងធម្មវិន័យនេះ។ ម្នាលភារទ្វាជៈ កាលបើតថាគត ពោលយ៉ាងនេះហើយ ឧទ្ទកតាបសរាមបុត្រ ក៏ពោលតបនឹងតថាគត យ៉ាងនេះវិញថា ចូរអ្នកមានអាយុ នៅចុះ នេះធម៌ប្រាកដដូចជាអ្នកត្រូវការនោះ ជាធម៌ដែលវិញ្ញូបុរស គប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា នូវលទ្ធិអាចារ្យជារបស់ខ្លួន ហើយសម្រេចសម្រាន្តនៅបាន ដោយកាលមិនយូរប៉ុន្មាន។ ម្នាលភារទ្វាជៈ មិនយូរប៉ុន្មាន តថាគតឯង ក៏បានរៀននូវធម៌នោះចប់ភ្លាម។ ម្នាលភារទ្វាជៈ តថាគត ពោលនូវញាណវាទផង ថេរវាទផង ដោយគ្រាន់តែបង្ហើបបបូរមាត់ ដោយគ្រាន់តែហាមាត់និយាយប៉ុណ្ណោះ ទាំងតថាគត ទាំងអ្នកដទៃ ក៏អាចប្តេជ្ញាថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះបាន។ ម្នាលភារទ្វាជៈ តថាគត មានសេចក្តីត្រិះរិះ យ៉ាងនេះថា រាមៈមិនហ៊ានប្រកាសថា ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌នេះ ដោយប្រាជ្ញាខ្លួនឯង ដោយត្រឹមតែសទ្ធាប៉ុណ្ណោះ ដូច្នេះឡើយ តាមពិត រាមៈ គ្រាន់តែយល់ឃើញ នូវធម៌នេះប៉ុណ្ណោះ។