ម្នាលភារទ្វាជៈ ក្នុងកាលដទៃទៀត តថាគត ចូលទៅរកឧទ្ទកតាបសរាមបុត្រ លុះចូលទៅដល់ហើយ ក៏ពោលនឹងឧទ្ទកតាបសរាមបុត្ត យ៉ាងនេះថា ម្នាលរាមៈមានអាយុ អ្នកបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌នេះ ដោយប្រាជ្ញាខ្លួនឯង ហើយអាចសំដែងបាន ដោយចំណែខ្លះឬទេ។ ម្នាលភារទ្វាជៈ កាលបើតថាគត ពោលយ៉ាងនេះហើយ ឧទ្ទកតាបសរាមបុត្រ ក៏សំដែងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន។ ម្នាលភារទ្វាជៈ តថាគត មានសេចក្តីត្រិះរិះ យ៉ាងនេះថា សទ្ធារបស់រាមៈមិនមានទេ សទ្ធារបស់អាត្មាអញទើបមាន វីរិយៈរបស់រាមៈមិនមានទេ។បេ។ សតិ... សមាធិ... បញ្ញារបស់រាមៈ មិនមានទេ បញ្ញារបស់អាត្មាអញ ទើបមាន បើដូច្នោះ គួរតែអាត្មាអញ តាំងសេចក្តីព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ ដែលរាមៈប្រកាសថា អាត្មាអញ បានធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយប្រាជ្ញាខ្លួនឯង ហើយសម្រេចសម្រាន្តនៅ។