ព្រោះថា រាមៈ បានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌ណា ដោយប្រាជ្ញាខ្លួនឯង ហើយអាចសំដែងបាន អ្នកក៏បានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌នោះ ដោយប្រាជ្ញាខ្លួនឯងដែរ អ្នកបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌ណា ដោយប្រាជ្ញាខ្លួនឯង រាមៈ ក៏បានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌នោះ ដោយប្រាជ្ញាខ្លួនឯង ហើយអាចសំដែងបានដែរ រាមៈ ដឹងច្បាស់នូវធម៌ណា អ្នកក៏ដឹងច្បាស់នូវធម៌នោះដែរ អ្នកដឹងច្បាស់នូវធម៌ណា រាមៈ ក៏ដឹងច្បាស់នូវធម៌នោះដែរ រាមៈ ប្រាកដយ៉ាងណា អ្នកក៏ប្រាកដយ៉ាងនោះដែរ អ្នកប្រាកដយ៉ាងណា រាមៈ ក៏ប្រាកដយ៉ាងនោះដែរ ម្នាលអាវុសោ ឥឡូវនេះ អ្នកចូរមក អ្នកចូរគ្រប់គ្រងគណៈនេះចុះ។ ម្នាលភារទ្វាជៈ ឯឧទ្ទកតាបសរាមបុត្រ ជាសព្រហ្មចារីរបស់តថាគត តាំងតថាគត ក្នុងទីជាអាចារ្យ ទាំងបូជាតថាគត ដោយគ្រឿងបូជា ដ៏លើសលុប ដោយប្រការដូច្នេះ។ ម្នាលភារទ្វាជៈ តថាគត មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធម៌នេះ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាកតម្រេក មិនប្រព្រឹត្តទៅ ដើម្បីរំលត់ទុក្ខ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីដឹងច្បាស់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វានទេ