ម្នាលភារទ្វាជៈ សេចក្តីនុ៎ះ មានឧបមេយ្យដូចសមណៈ ឬព្រាហ្មណ៍ណាមួយ មិនស្ងប់ស្ងាត់ ចាកកាមទាំងឡាយ ដោយកាយផង សេចក្តីប្រាថ្នាក្នុងកាម សេចក្តីស្នេហាក្នុងកាម សេចក្តីជ្រុលជ្រប់ក្នុងកាម សេចក្តីស្រេកឃ្លានក្នុងកាម សេចក្តីក្តៅក្រហាយក្នុងកាមទាំងឡាយណា របស់សមណព្រាហ្មណ៍ទាំងនោះ សេចក្តីប្រាថ្នាក្នុងកាមជាដើមនោះ មិនបានសាបសូន្យដោយងាយ មិនបានស្ងប់រម្ងាប់ដោយងាយ ក្នុងចិត្តផង បើទុកជាសមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ ទទួលវេទនាជាទុក្ខ ក្លៀវក្លា ក្តៅក្រហាយ ដែលកើតអំពីសេចក្តីព្យាយាម សមណព្រាហ្មណ៍ទាំងនោះ ក៏មិនគួរ ដើម្បីដឹង ដើម្បីឃើញ ដើម្បីត្រាស់ដឹង ដ៏ប្រសើរឡើយ បើទុកជាសមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ មិនបានទទួលនូវវេទនា ជាទុក្ខ ក្លៀវក្លា ក្តៅក្រហាយ ដែលកើតអំពីសេចក្តីព្យាយាមទេ សមណព្រាហ្មណ៍ទាំងនោះ ក៏នៅតែមិនគួរ ដើម្បីដឹង ដើម្បីឃើញ ដើម្បីត្រាស់ដឹងដ៏ប្រសើរទេ។ ម្នាលភារទ្វាជៈ នេះសេចក្តីឧបមាទី១ មិនជាទីអស្ចារ្យប៉ុន្មាន ដែលតថាគត មិនធ្លាប់បានស្តាប់មកក្នុងកាលមុន ក៏ប្រាកដឡើងដល់តថាគត។