ម្នាលភារទ្វាជៈ សេចក្តីនុ៎ះ មានឧបមេយ្យដូចសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ដោយកាយពិតមែនហើយ តែសេចក្តីប្រាថ្នាក្នុងកាម សេចក្តីស្នេហាក្នុងកាម សេចក្តីជ្រុលជ្រប់ក្នុងកាម សេចក្តីស្រេកឃ្លានក្នុងកាម សេចក្តីក្តៅក្រហាយ ក្នុងកាមទាំងឡាយណា របស់សមណព្រាហ្មណ៍ទាំងនោះ សេចក្តីប្រាថ្នាក្នុងកាមជាដើមនោះ មិនបានសាបសូន្យស្រឡះ មិនបានស្ងប់រម្ងាប់ស្រឡះ ក្នុងចិត្តនៅឡើយ បើទុកជាសមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ សោយនូវវេទនាជាទុក្ខ ក្លៀវក្លា ក្តៅក្រហាយ ដែលកើតអំពីសេចក្តីព្យាយាម សមណព្រាហ្មណ៍ទាំងនោះ ក៏មិនគួរ ដើម្បីដឹង ដើម្បីឃើញ ដើម្បីត្រាស់ដឹង ដ៏ប្រសើរឡើយ បើទុកជាសមណព្រាហ្មណ៍ទាំងនោះ មិនបានទទួលនូវវេទនា ជាទុក្ខ ក្លៀវក្លា ក្តៅក្រហាយ ដែលកើតអំពីសេចក្តីព្យាយាមទេ សមណព្រាហ្មណ៍ទាំងនោះ ក៏គង់តែមិនគួរ ដើម្បីដឹង ដើម្បីឃើញ ដើម្បីត្រាស់ដឹងដ៏ប្រសើរក៏ទេ។ ម្នាលភារទ្វាជៈ នេះជាសេចក្តីឧបមាទី២ មិនជាទីអស្ចារ្យប៉ុន្មាន ដែលតថាគត មិនធ្លាប់បានស្តាប់មកក្នុងកាលមុន ក៏ប្រាកដឡើងដល់តថាគត។