ក៏ស្វិតស្រពោន យ៉ាងណាមិញ ស្បែកក្បាល របស់តថាគត លុះអាហារតិចនោះ ពាល់ត្រូវហើយ ក៏ស្វិតស្រពោន យ៉ាងនោះឯង។ ម្នាលភារទ្វាជៈ តថាគតគិតថា អាត្មាអញ នឹងស្ទាបស្បែកពោះ ក៏ចាប់ត្រូវឆ្អឹងខ្នងទៅវិញ គិតថា អាត្មាអញ នឹងស្ទាបឆ្អឹងខ្នង ក៏ចាប់ត្រូវស្បែកពោះទៅវិញ ម្នាលភារទ្វាជៈ ស្បែកពោះតថាគត ជាប់គ្នានឹងឆ្អឹងខ្នង ព្រោះតែអាហារតិចនោះឯង។ ម្នាលភារទ្វាជៈ តថាគត គិតថា អាត្មាអញ នឹងបន្ទោបង់នូវវច្ចៈក្តី នូវទឹកមូត្រក្តី ក៏ដួលផ្កាប់មុខចុះ ក្នុងទីនោះ ព្រោះតែអាហារតិចនោះឯង។ ម្នាលភារទ្វាជៈ តថាគត ថ្នាក់ថ្នមកាយនេះ ហើយបបោសអង្អែលខ្លួនដោយដៃ។ ម្នាលភារទ្វាជៈ កាលតថាគត បបោសអង្អែលខ្លួនដោយដៃ ឯរោម មានឫសស្អុយ ក៏ធ្លាក់ចុះអំពីកាយ ព្រោះតែអាហារតិចនោះឯង។ ម្នាលភារទ្វាជៈ មនុស្សទាំងឡាយ បានឃើញតថាគតហើយ ក៏ពោលយ៉ាងនេះថា ព្រះសមណគោតម មានសម្បុរខ្មៅ។ តែមនុស្សខ្លះ ពោលយ៉ាងនេះថា ព្រះសមណគោតម មិនមែនខ្មៅទេ ព្រះសមណគោតម មានសម្បុរសណ្តែកបាយ។