គ្រានោះ ព្រហ្មាយុព្រាហ្មណ៍ ហៅឧត្តរមាណពមកថា នែបាឧត្តរ ព្រះសមណគោតមនេះ ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទ្រង់ព្រះផ្នួស ឥឡូវស្តេចមកកាន់ចារិក ក្នុងដែនវិទេហៈ ជាមួយនឹងភិក្ខុសង្ឃច្រើន គឺភិក្ខុប្រមាណ៥០០រូប ឯកិត្តិសព្ទល្អ នៃព្រះសមណគោតម ដ៏ចំរើននោះ ឮខ្ចរខ្ចាយ សុះសាយទៅ យ៉ាងនេះថា ព្រះមានព្រះភាគ អង្គនោះ ទ្រង់ឆ្ងាយចាកកិលេស ទ្រង់ត្រាស់ដឹងដោយព្រះអង្គឯង ដោយប្រពៃ។បេ។ ក៏ការបានចួបប្រទះ នូវព្រះអរហន្ត មានសភាពដូច្នោះ ជាការប្រពៃពេកណាស់ នែបាឧត្តរៈ អ្នកចូរមក ចូរអ្នកចូលទៅរកព្រះសមណគោតម លុះចូលទៅដល់ហើយ ចូរដឹងនូវព្រះសមណគោតមថា កិត្តិសព្ទនៃព្រះសមណគោតម ដ៏ចំរើននោះ ខ្ចរខ្ចាយសុះសាយទៅ មានដោយប្រការដូច្នោះមែឬ ឬថាមិនមែនដោយប្រការដូច្នោះទេ មួយទៀត ព្រះគោតមដ៏ចំរើននោះ ជាបុគ្គលប្រាកដដូច្នោះមែនឬ ឬថាមិនមែនជាបុគ្គលប្រាកដដូច្នោះទេ យើងនឹងប្រើអ្នក ឲ្យទៅមើលព្រះគោតមដ៏ចំរើននោះ។ ឧត្តរមាណពពោលថា បពិត្រលោកដ៏ចំរើន ចុះធ្វើម្តេច ខ្ញុំនឹងស្គាល់នូវព្រះគោតមដ៏ចំរើននោះថា