បពិត្រព្រះគោតមដ៏ចំរើន កាលបើខ្ញុំព្រះអង្គសួរថា ទេវតាមានមែនឬទេ ហេតុអ្វីក៏ព្រះអង្គឆ្លើយថា ម្នាលភារទ្វាជៈ ពាក្យណាថា ទេវតាមានដូច្នេះ ពាក្យនុ៎ះ តថាគត ដឹងច្បាស់ តាមហេតុពិត បពិត្រព្រះគោតមដ៏ចំរើន កាលបើមានហេតុយ៉ាងនេះហើយ ពាក្យរបស់ព្រះអង្គ ជាពាក្យកុហកទទេ។ ម្នាលភារទ្វាជៈ បុគ្គលណា កាលដែលគេសួរថា ទេវតាមានមែនឬទេ ដូច្នេះ គប្បីពោលថា ទេវតាមានមែន ដូច្នេះក្តី មួយទៀត បុគ្គលណា ពោលថា ទេវតា យើងដឹងតាមហេតុពិត ទេវតា យើងដឹងច្បាស់ហើយ ដូច្នេះក្តី។ ពាក្យណាថា ទេវតាមានដូច្នេះ មានតែវិញ្ញូបុរស ទើបអាចដល់នូវសេចក្តីចូលចិត្តតាមពិត ក្នុងពាក្យនុ៎ះឯង។ ចុះព្រោះហេតុអ្វី បានជាព្រះគោតមដ៏ចំរើន មិនដោះស្រាយតាមបទខាងដើម ដល់ខ្ញុំព្រះអង្គ។ ម្នាលភារទ្វាជៈ ព្រោះថា ពាក្យណាថា ទេវតាមានដូច្នេះ ពាក្យនុ៎ះ គេសន្មត ដោយសព្ទដ៏ខ្ពស់ ក្នុងលោក។