ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះដូចម្តេច ភ្លើងណា ដែលពួកបុរស ចេញអំពីខត្តិយត្រកូលក្តី ព្រាហ្មណត្រកូលក្តី រាជញ្ញត្រកូលក្តី មកចួបជុំគ្នាហើយ កាន់យកពំនួតភ្លើងខាងលើ ដែលធ្វើពីឈើស្រាយក្តី ឈើខ្លឹមក្តី ដើមស្រល់ក្តី ដើមចន្ទន៍ក្តី ដើមឈូកក្រហមក្តី មកពួត ភ្លើងក៏ឆេះប្រាកដឡើង ភ្លើងនោះឯង ទើបមានអណ្តាត មានពណ៌ ទាំងមានពន្លឺ បុគ្គលអាចធ្វើកិច្ចការ ដែលត្រូវធ្វើដោយភ្លើង ដោយសារភ្លើងនោះ បានឬ ចំណែកឯភ្លើងណា ដែលពួកបុរស ចេញអំពីពួកចណ្ឌាលត្រកូលក្តី នេសាទត្រកូលក្តី វេណុត្រកូលក្តី រថការត្រកូលក្តី បុក្កុសត្រកូលក្តី មកចួបជុំគ្នាហើយ កាន់យកឈើពំនួតភ្លើងខាងលើ ដែលធ្វើពីស្នូកឆ្កែក្តី ស្នូកជ្រូកក្តី ស្នូកជាងជ្រលក់ក្តី ដើមល្ហុងប្រេងក្តី មកពួត ភ្លើងក៏ឆេះប្រាកដឡើងដែរ តែភ្លើងនោះ មិនមានអណ្តាត មិនមានពណ៌ ទាំងមិនមានពន្លឺ បុគ្គលមិនអាចធ្វើកិច្ចការដែលត្រូវធ្វើដោយភ្លើង ដោយសារភ្លើងនោះបានទេឬ។ បពិត្រព្រះគោតមដ៏ចំរើន មិនមែនដូច្នោះទេ បពិត្រព្រះគោតមដ៏ចំរើន ភ្លើងណា