ចុះព្រាហ្មណឥសីដ៏ចំរើនទាំងនេះ ទៅឯណាទៅហើយ។ ម្នាលអស្សលាយនៈ ព្រាហ្មណឥសីទាំង៧នាក់ ក៏និយាយនឹងអសិតទេវលឥសី ដូច្នេះថា យើ នរណាហ្នឹង មានសភាពដូចជាក្មេងអ្នកស្រុក មកដើររេរាក្បែរបរិវេណ នៃបណ្ណសាលា របស់ព្រាហ្មណឥសី ទាំង៧នាក់ ស្រែកហៅ យ៉ាងនេះថា ចុះព្រាហ្មណឥសីដ៏ចំរើនទាំងនេះ ទៅឯណាទៅហើយ ចុះព្រាហ្មណឥសីដ៏ចំរើនទាំងនេះ ទៅឯណាហើយ ដូច្នេះ បើដូច្នោះ យើងនឹងប្រទេចផ្តាសាវា។ ម្នាលអស្សលាយនៈ លំដាប់នោះ ព្រាហ្មណឥសីទាំង៧នាក់ ក៏ប្រទេចផ្តាសា នូវអសិតទេវលឥសីថា បុរសចង្រៃឯង ចូរវិនាសដូចជាផែះ បុរសចង្រៃឯង ចូរវិនាសដូចជាផែះ បុរសចង្រៃឯង ចូរវិនាសដូចជាផែះ។ ម្នាលអស្សលាយនៈ ព្រាហ្មណឥសីទាំង៧នាក់ ប្រទេចផ្តាសាអសិតទេវលឥសី យ៉ាងណា យ៉ាងណា ក៏អសិតទេវលឥសី រឹងរឹតតែមានរូបល្អក្រៃលែងផង គួរពិតពឹលរមឹលមើលក្រៃលែងផង គួរជាទីជ្រះថ្លាក្រៃលែងផង យ៉ាងនោះៗ។