ម្នាលអស្សលាយនៈ ព្រាហ្មណឥសីទាំង៧នាក់ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា ឱហ្ន៎ តបៈរបស់ពួកយើង សោះសូន្យហើយតើ ព្រហ្មចរិយៈរបស់ពួកយើង មិនមានផលទេតើ ព្រោះកាលពីមុន ពួកយើងប្រទេចផ្តាសា នូវមនុស្សណាថា បុរសចង្រៃ ឯងចូរវិនាសដូចជាផែះ ដូច្នេះ មនុស្សខ្លះនោះ រលាយទៅជាផែះទៅហើយ តែឥឡូវពួកយើង ប្រទេចផ្តាសា បុរសនេះយ៉ាងណាៗ បុរសនោះ រឹងរឹតតែមានរូបល្អក្រៃលែងផង គួរពិតពឹលរមឹលមើលក្រៃលែងផង គួរជាទីជ្រះថ្លាក្រៃលែងផង យ៉ាងនោះៗ។ អសិតទេវលឥសី និយាយប្រាប់ថា តបៈរបស់អ្នកដ៏ចំរើនទាំងឡាយ មិនទាន់សោះសូន្យនៅឡើយទេ ទាំងព្រហ្មចរិយៈ ក៏មិនមែនឥតផលដែរ ណ្ហើយ បើអ្នកដ៏ចម្រើនទាំងឡាយ មានចិត្តប្រទូស្តមករកយើងបែបណា ចូរលះចិត្តប្រទូស្ត បែបនោះចេញ។ ព្រាហ្មណឥសីទាំង៧នាក់ និយាយថា បើមានចិត្តប្រទូស្តបែបណា ពួកយើងនឹងលះបង់ នូវចិត្តប្រទូស្តបែបនោះចេញ ចុះអ្នកដ៏ចម្រើន ជាអ្វីទៅអេះ។ អសិតទេវលឥសី សួរថា ចុះអ្នកដ៏ចម្រើនទាំងឡាយ ដែលឮឈ្មោះ អសិតទេវលឥសី ដែរឬទេ។ ឥសីទាំង៧នាក់ឆ្លើយថា បាទលោកដ៏ចម្រើន។ អសិតទេវលឥសីប្រាប់ថា ម្នាលអ្នកដ៏ចម្រើន យើងហ្នឹងហើយ ជាអសិតទេវលឥសី។ ម្នាលអស្សលាយនៈ គ្រានោះ