ស្ត្រី ដែលជាមាតា នៃមាតាបង្កើត (របស់អ្នកទាំងឡាយ) ដរាបដល់គូនៃជីដូនរបស់ម្តាយ៧តមក សុទ្ធតែយកព្រាហ្មណ៍ជាស្វាមី មិនយកបុរស ដែលមិនមែនព្រាហ្មណ៍ទេឬ។ មិនយកទេ លោកដ៏ចម្រើន។ ចុះអ្នកដ៏ចម្រើនទាំងឡាយ ដឹងថាប្រុស ដែលជាបិតាបង្កើត (របស់អ្នកទាំងឡាយ) សុទ្ធតែយកព្រាហ្មណីជាភរិយា មិនយកស្ត្រី ដែលមិនមែនជាព្រាហ្មណីទេឬ។ មិនយកទេ លោកដ៏ចម្រើន។ ចុះអ្នកដ៏ចម្រើនទាំងឡាយ ដឹងថា ប្រុសដែលជាបិតានៃបិតាបង្កើត (របស់អ្នកទាំងឡាយ) ដរាបដល់គូនៃជីតារបស់បិតា៧តមក សុទ្ធតែយកព្រាហ្មណីជាភរិយា មិនយកស្ត្រី ដែលមិនមែនជាព្រាហ្មណីទេឬ។ មិនយកទេ លោកដ៏ចម្រើន។ ចុះអ្នកដ៏ចម្រើនទាំងឡាយ ដឹងថា ការចុះកាន់គភ៌ យ៉ាងណាដែរឬ។ បពិត្រលោកដ៏ចម្រើន ពួកយើងដឹងថា ការចុះកាន់គភ៌ (បីយ៉ាង) គឺក្នុងលោកនេះ មាតា និងបិតាចួបជុំគ្នា១ មាតាមានរដូវ១ សត្វបានចុះមកកើតប្រាកដ១ ការប្រជុំហេតុទាំង៣នេះ ទើបឈ្មោះថា ការចុះកាន់គភ៌ ។