បពិត្រឧទេនដ៏ចំរើន បុគ្គលណា កំដៅខ្លួនឯង ទាំងបានប្រកបរឿយៗ នូវការព្យាយាមកំដៅខ្លួនឯងផង កំដៅបុគ្គលដទៃ ទាំងបានប្រកបរឿយៗ នូវការព្យាយាមកំដៅបុគ្គលដទៃផង បុគ្គលនោះ ឈ្មោះថា ដុតកំដៅខ្លួនឯងផង បុគ្គលដទៃផង ដែលប្រាថ្នាសេចក្តីសុខ ខ្ពើមសេចក្តីទុក្ខ ដោយហេតុនេះ បានជាបុគ្គលនេះ មិនអាចញុំាងចិត្តខ្ញុំ ឲ្យត្រេកអរបានទេ បពិត្រឧទេនដ៏ចំរើន លុះតែបុគ្គលណា មិនកំដៅខ្លួនឯង ទាំងមិនប្រកបរឿយៗ នូវការព្យាយាមកំដៅខ្លួនឯង មិនកំដៅបុគ្គលដទៃ ទាំងមិនប្រកបរឿយៗ នូវការព្យាយាមកំដៅបុគ្គលដទៃ បុគ្គលនោះ ឈ្មោះថា មិនកំដៅខ្លួនឯង មិនកំដៅបុគ្គលដទៃ មិនមានសេចក្តីស្រេកឃ្លាន មានតែសេចក្តីរំលត់ទុក្ខ ត្រជាក់ត្រជុំ ទទួលសេចក្តីសុខ មានខ្លួនដ៏ប្រសើរ ក្នុងបច្ចុប្បន្ននេះ បុគ្គលនោះ មិនបានឈ្មោះថា ដុតកំដៅខ្លួនឯងផង បុគ្គលដទៃផង ដែលប្រាថ្នាសេចក្តីសុខ ខ្ពើមសេចក្តីទុក្ខ ដោយហេតុនេះ ទើបបុគ្គលនេះ អាចញុំាងចិត្តខ្ញុំ ឲ្យត្រេកអរបាន។