[១២៣] លុះវាសេដ្ឋមាណព អង្គុយក្នុងទីដ៏សមគួរហើយ បានពោលនឹងព្រះមានព្រះភាគ ដោយគាថាទាំងឡាយថា
ខ្ញុំព្រះអង្គទាំងពីរនាក់ បានទទួលអនុញ្ញាត អំពីអាចារ្យ ដែលបានឲ្យរៀនសូត្រស្រេចហើយ ទាំងបានប្តេជ្ញាខ្លួនឯងថា បានរៀនសូត្រចេះចាំនូវវេទទាំង៣ ខ្ញុំព្រះអង្គជាសិស្សច្បង របស់បោក្ខរសាតិព្រាហ្មណ៍ ឯមាណពនេះ ជាសិស្សច្បង របស់តារុក្ខព្រាហ្មណ៍ បទណាដែលពួកព្រាហ្មណ៍ ចេះនូវវេទទាំង៣ បានប្រាប់ ដោយអត្ថក្តី ដោយព្យញ្ជនៈក្តី ខ្ញុំព្រះអង្គទាំងពីរនាក់ ក៏បានចូលចិត្តក្នុងបទនោះទាំងអស់ ទាំងសេចក្តីព្យាករណ៍នូវបទ របស់ខ្ញុំព្រះអង្គទាំងពីរនាក់ ក៏ប្រាកដស្មើនឹងអាចារ្យ ត្រង់កន្លែងជាទីពោលមន្ត បពិត្រព្រះគោតម ខ្ញុំព្រះអង្គទាំងពីរនាក់ មានសេចក្តីវិវាទ ក្នុងការពោលអំពីជាតិ ភារទ្វាជមាណព ពោលថា បុគ្គលដែលឈ្មោះថាព្រាហ្មណ៍ ព្រោះជាតិ