អាឡារតាបស កាលាមគោត្រ ក៏សំដែងនូវអាកិញ្ចញ្ញាយតនជ្ឈាន។ ម្នាលភារទ្វាជៈ តថាគត មានសេចក្តីត្រិះរិះ យ៉ាងនេះថា សទ្ធារបស់អាឡារតាបស កាលាមគោត្រ គ្មានទេ សទ្ធារបស់អាត្មាអញ ទើបមាន វីរិយៈរបស់អាឡារតាបសកាលាមគោត្រគ្មានទេ វីរិយៈរបស់អាត្មាអញ ទើបមាន សតិ... សមាធិ... បញ្ញា របស់អាឡារតាបសកាលាមគោត្រ គ្មានទេ បញ្ញារបស់អាត្មាអញ ទើបមាន បើដូច្នោះ គួរតែអាត្មាអញ តាំងសេចក្តីព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ ដែលអាឡារតាបសកាលាមគោត្រប្រកាសថា ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាខ្លួនឯង ហើយសម្រេចសម្រាន្តនៅ។ ម្នាលភារទ្វាជៈ មិនយូរប៉ុន្មាន តថាគត ក៏បានធ្វើឲ្យជាក់ច្បាស់ នូវធម៌នោះ ដោយប្រាជ្ញាខ្លួនឯងភ្លាម ហើយសម្រេចសម្រាន្តនៅ។ ម្នាលភារទ្វាជៈ ក្នុងកាលខាងក្រោយមកទៀត តថាគត ចូលទៅរកអាឡារតាបសកាលាមគោត្រ លុះចូលទៅដល់ហើយ ក៏ពោលនឹងអាឡារតាបសកាលាមគោត្រ យ៉ាងនេះថា