យើងខ្ញុំ បើព្រះអង្គបើកឱកាសឲ្យហើយ យើងខ្ញុំសូមសួរ នូវប្រស្នាណានីមួយ ដែលយើងខ្ញុំត្រូវការ ដើម្បីប្រយោជន៍ ក្នុងបច្ចុប្បន្នផង ដើម្បីសេចក្តីសុខ ក្នុងលោកខាងមុខផង។
[១២] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ព្រះតម្រិះ ដូច្នេះថា ព្រហា្មយុព្រាហ្មណ៍នេះ បានឃើញ នូវមហាបុរិសលក្ខណៈ ទាំង៣២ប្រការ របស់តថាគតដោយច្រើន វៀរតែមហាបុរិសលក្ខណៈ២ប្រការ ក៏សង្ស័យ ងឿងឆ្ងល់ មិនចូលចិត្ត មិនជ្រះស្រឡះ ក្នុងមហាបុរិសលក្ខណៈ ទាំង២ប្រការនោះ គឺអវយវៈ ដែលត្រូវលាក់ក្នុងសំពត់ ឋិតនៅក្នុងស្រោម១ អណ្តាតដ៏ល្មម១។ ទើបព្រះមានព្រះភាគ ទ្រង់តាក់តែង នូវឥទ្ធាភិសង្ខារ ឲ្យព្រហា្មយុព្រាហ្មណ៍ បានឃើញ នូវអវយវៈ ដែលត្រូវលាក់ក្នុងសំពត់ ឋិតនៅក្នុងស្រោមរបស់ព្រះអង្គ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់លៀននូវព្រះជិវ្ហា ប៉ះពាល់ដល់រន្ធព្រះកាណ៌ទាំងពីរផង ប៉ះពាល់ដល់រន្ធព្រះនាសិកទាំងពីរផង ហើយទ្រង់យកព្រះជិវ្ហាបាំងនូវមណ្ឌល នៃព្រះនលាដ (ថ្ងាស) ទាំងអស់។