​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​កាលបើ​ខ្ញុំ​ព្រះអង្គ​សួរ​ថា​ ​ទេវតា​មាន​មែនឬទេ​ ​ហេតុអ្វី​ក៏​ព្រះអង្គ​ឆ្លើយ​ថា​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​ពាក្យ​ណា​ថា​ ​ទេវតា​មាន​ដូច្នេះ​ ​ពាក្យ​នុ៎ះ​ ​តថាគត​ ​ដឹង​ច្បាស់​ ​តាម​ហេតុ​ពិត​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​កាលបើ​មានហេតុ​យ៉ាងនេះ​ហើយ​ ​ពាក្យ​របស់​ព្រះអង្គ​ ​ជា​ពាក្យ​កុហក​ទទេ​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​បុគ្គល​ណា​ ​កាលដែល​គេ​សួរ​ថា​ ​ទេវតា​មាន​មែនឬទេ​ ​ដូច្នេះ​ ​គប្បី​ពោល​ថា​ ​ទេវតា​មាន​មែន​ ​ដូច្នេះ​ក្តី​ ​មួយទៀត​ ​បុគ្គល​ណា​ ​ពោល​ថា​ ​ទេវតា​ ​យើង​ដឹង​តាម​ហេតុ​ពិត​ ​ទេវតា​ ​យើង​ដឹង​ច្បាស់​ហើយ​ ​ដូច្នេះ​ក្តី​។​ ​ពាក្យ​ណា​ថា​ ​ទេវតា​មាន​ដូច្នេះ​ ​មានតែ​វិញ្ញូ​បុរស​ ​ទើប​អាច​ដល់​នូវ​សេចក្តី​ចូលចិត្ត​តាមពិត​ ​ក្នុង​ពាក្យ​នុ៎ះឯង​។​ ​ចុះ​ព្រោះ​ហេតុអ្វី​ ​បាន​ជា​ព្រះ​គោតម​ដ៏​ចំរើន​ ​មិន​ដោះស្រាយ​តាម​បទ​ខាងដើម​ ​ដល់​ខ្ញុំ​ព្រះអង្គ​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​ព្រោះថា​ ​ពាក្យ​ណា​ថា​ ​ទេវតា​មាន​ដូច្នេះ​ ​ពាក្យ​នុ៎ះ​ ​គេ​សន្មត​ ​ដោយ​សព្ទ​ដ៏​ខ្ពស់​ ​ក្នុង​លោក​។​
ថយ | ទំព័រទី ៣០០ | បន្ទាប់