បានឃើញកេណិយជដិល កំពុងចាត់ចែងបារាំង មានសណ្ឋានមូលដោយខ្លួនឯង លុះឃើញហើយ ក៏សួរកេណិយជដិលដូច្នេះថា លោកកេណិយជដិលដ៏ចម្រើន មានអាពាហ៍ពិពាហ៍ ឬតាំងមហាយ័ញ្ញ ឬអញ្ជើញព្រះបាទមាគធសេនិយពិម្ពិសារ ព្រមទាំងពួកពល ដើម្បីជប់លៀង ក្នុងថ្ងៃស្អែក ឬអ្វីហ្ន៎។ កេណិយជដិលនិយាយថា បពិត្រលោកសេលៈដ៏ចម្រើន ខ្ញុំមិនមានអាពាហ៍ពិពាហ៍ មិនអញ្ជើញព្រះបាទមាគធសេនិយពិម្ពិសារ ព្រមទាំងពួកពល ដើម្បីជប់លៀងក្នុងថ្ងៃស្អែកទេ ខ្ញុំតាំងមហាយ័ញ្ញទេតើ ដ្បិតព្រះសមណគោតម ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទ្រង់ព្រះផ្នួសហើយ ទ្រង់ត្រាច់មកកាន់ចារិក ក្នុងអង្គុត្តរាបជនបទ មួយអន្លើ ដោយភិក្ខុសង្ឃជាច្រើន ចំនួនភិក្ខុ ១.២៥០រូប ឥឡូវទ្រង់ស្តេចមកដល់អាបណនិគមហើយ កិត្តិស័ព្ទនៃព្រះគោតមដ៏ចម្រើននោះ ខ្ចរខ្ចាយទៅ យ៉ាងនេះថា ព្រះមានព្រះភាគ អង្គនោះ ព្រះអង្គជាព្រះអរហន្ត ទ្រង់ត្រាស់ដឹងដោយប្រពៃ ចំពោះព្រះអង្គ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មានព្រះដំណើរល្អ ទ្រង់ជ្រាបច្បាស់ នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ទ្រង់ទូន្មាននូវបុរស ដែលគួរ