[៥] គ្រានោះ ឧត្តរមាណព មានសេចក្តីត្រិះរិះដូច្នេះថា សមណគោតម ប្រកបដោយមហាបុរិសលក្ខណៈ៣២ពិត បើដូច្នោះ មានតែអាត្មាអញ ដើរតាម នូវព្រះសមណគោតម នឹងបានឃើញឥរិយាបថរបស់ព្រះអង្គ។ ឯឧត្តរមាណព ក៏ជាប់តាមព្រះមានព្រះភាគ អស់៧ខែ ប្រៀបដូចជាស្រមោលជាប់តាមរូប។ លុះកន្លងខែ៧ទៅហើយ ទើបឧត្តរមាណព ចេញទៅកាន់ចារិក សំដៅទៅត្រង់នគរមិថិលា ក្នុងដែននៃពួកអ្នកវិទេហៈ ក៏ត្រេចទៅកាន់ចារិក ដោយលំដាប់ ហើយចូលទៅរកព្រហ្មាយុព្រាហ្មណ៍ ឯនគរមិថិលា លុះចូលទៅដល់ហើយ ក៏សំពះព្រហ្មាយុព្រាហ្មណ៍ រួចអង្គុយក្នុងទីសមគួរ។ លុះឧត្តរមាណព អង្គុយក្នុងទីសមគួរហើយ ព្រហ្មាយុព្រាហ្មណ៍ សួរដូច្នេះថា នែបាឧត្តរៈ ឯកិត្តិសព្ទ នៃព្រះគោតមដ៏ចំរើននោះ ឮខ្ចរខ្ចាយ សុសសាយទៅ មានប្រការដូច្នោះ មិនខុសពិតមែនឬ មួយទៀត ព្រះគោតមដ៏ចំរើននោះ ជាបុគ្គលប្រាកដដូច្នោះ មិនមែនជាបុគ្គលប្រាកដដោយប្រការដទៃពិតមែនឬ។