[៦០] ម្នាលអានន្ទ ចុះសតិវិន័យ តើដូចម្តេច។ ម្នាលអានន្ទ ក្នុងសាសនានេះ ភិក្ខុទាំងឡាយ ចោទភិក្ខុដោយគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិកក្តី អាបត្តិរង(១) បារាជិកក្តី ថា លោកមានអាយុ រលឹកនូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិកក្តី អាបត្តិរងបារាជិកក្តី ដែលលោកត្រូវហើយ ឃើញឬទេ។ ភិក្ខុនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំរលឹកនូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិកក្តី អាបត្តិរងបារាជិកក្តី ដែលខ្ញុំត្រូវហើយ មិនឃើញទេ។ ម្នាលអានន្ទ យ៉ាងនេះ សង្ឃគប្បីឲ្យសតិវិន័យ ដល់ភិក្ខុនោះ។ ម្នាលអានន្ទ សតិវិន័យ យ៉ាងនេះឯង។ ការរម្ងាប់អធិករណ៍ពួកខ្លះ ក្នុងសាសនានេះ រមែងមាន ដោយសតិវិន័យ យ៉ាងនេះឯង។
(១) ពាក្យថា រង ក្នុងទីនេះ សំដៅសេចក្តីថា បន្ទាប់គ្នា ពីរយ៉ាង គឺរងកងអាបត្តិ១ រងអាបត្តិ១ រាប់អាបត្តិរៀងតាមលំដាប់ ដូច្នេះគឺ កងអាបត្តិបារាជិក កងអាបត្តិសង្ឃាទិសេស កងអាបត្តិថុល្លច្ច័យ បាចិត្តិយៈ បាដិទេសនីយៈ ទុក្កដ ទុព្ភាសិត ឈ្មោះថា រងកងអាបត្តិ។ អាបត្តិទុក្កដ ថុល្លច្ច័យ ដែលត្រូវមុនគរុកាបត្តិ ឈ្មោះថា រងអាបត្តិ។