[​២០៨​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​បុគ្គល​សេព​នូវ​មនោ​សមាចារ​ ​មាន​សភាព​ដូចម្តេច​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​បាន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិន​មាន​អភិជ្ឈា​ ​ទ្រព្យ​ណា​ ​ជា​របស់​បុគ្គល​ដទៃ​ ​ជា​ឧបករណ៍​របស់​បុគ្គល​ដទៃ​ ​ជា​អ្នក​មិន​គយ​រំពៃ​របស់​នោះ​ថា​ ​ឱ​ហ្ន៎​ ​ទ្រព្យ​ណា​ ​ជា​របស់​បុគ្គល​ដទៃ​ ​សូមឲ្យ​ទ្រព្យ​នោះ​ ​បាន​មក​ជា​ទ្រព្យរបស់​អាត្មាអញ​វិញ​ ​ដូច្នេះ​ឡើយ​ ​ជា​អ្នក​មិន​មានចិត្ត​ព្យាបាទ​ ​មិន​មាន​សេចក្តី​ត្រិះរិះ​ក្នុងចិត្ត​ ​ដែល​ទោស​ប្រទូស្ត​ហើយ​ថា​ ​សូម​ពួក​សត្វ​ទាំងនេះ​ ​កុំ​ព្យាបាទ​គ្នា​ ​កុំ​ឲ្យ​មានទុក្ខ​ ​ឲ្យ​មានតែ​សេចក្តី​សុខ​ ​ចូរ​រក្សា​នូវ​ខ្លួន​ចុះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​បុគ្គល​សេព​នូវ​មនោ​សមាចារ​ ​មាន​សភាព​យ៉ាងនេះ​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​បាន​។​ ​ត្រង់​ព្រះពុទ្ធដីកា​ ​ដែល​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​សំដែង​នូវ​មនោ​សមាចារ​ ​ថា​មាន​ពីរ​យ៉ាង​ ​គឺ​ ​មនោ​សមាចារ​គួរ​សេព១​ ​មិន​គួរ​សេព១​ ​មួយទៀត​ ​តថាគត​ ​សំដែង​នូវ​មនោ​សមាចារ​នោះ​ ​ទី​ទៃៗ​ពីគ្នា​ ​ដូច្នេះ​នុ៎ះ​ ​គឺ​ទ្រង់​ត្រាស់​សំដៅ​ហេតុនេះ​ឯង​។​
ថយ | ទំព័រទី ២៨០ | បន្ទាប់