[២១៨] ត្រង់ព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត សំដែងនូវការបានចំពោះអត្តភាព ថាមានពីរយ៉ាង គឺការបានចំពោះអត្តភាពគួរសេព១ មិនគួរសេព១ មួយទៀត តថាគត សំដែងនូវការបានចំពោះអត្តភាពនោះ ទីទៃៗពីគ្នា ដូច្នេះនុ៎ះ តើទ្រង់ត្រាស់សំដៅហេតុដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេព នូវការបានចំពោះអត្តភាព មានសភាពយ៉ាងណា អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ ការបានចំពោះអត្តភាព មានសភាពដូច្នោះ បុគ្គលមិនគួរសេពឡើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេព នូវការបានចំពោះអត្តភាព មានសភាពយ៉ាងណា អកុសលធម៌ទាំងឡាយ តែងសាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង ការបានចំពោះអត្តភាព មានសភាពដូច្នោះ បុគ្គលគួរសេព។