បុរសនោះ ក៏ទទួលពាក្យបញ្ចកង្គថបតិថា បាទលោកនាយ ហើយក៏ចូលទៅរកព្រះអនុរុទ្ធមានអាយុ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះអនុរុទ្ធមានអាយុ ហើយអង្គុយ ក្នុងទីសមគួរ។ លុះបុរសនោះ អង្គុយ ក្នុងទីសមគួរហើយ ក៏ទូលព្រះអនុរុទ្ធមានអាយុ ដូច្នេះថា បពិត្រលោកដ៏ចម្រើន បញ្ចកង្គថបតិ សូមថ្វាយបង្គំបាទា នៃព្រះអនុរុទ្ធមានអាយុ ដោយត្បូង រួចពោលយ៉ាងនេះទៀតថា បពិត្រលោកដ៏ចម្រើន សូមព្រះអនុរុទ្ធមានអាយុ មានខ្លួនជាគម្រប់៤ ទទួលភត្ត របស់បញ្ចកង្គថបតិ ដើម្បីឆាន់ក្នុងថ្ងៃស្អែក បពិត្រលោកដ៏ចម្រើន សូមព្រះអនុរុទ្ធមានអាយុ ប្រញាប់និមន្តទៅអំពីព្រឹកឲ្យទាន បពិត្រលោកដ៏ចម្រើន ព្រោះថា បញ្ចកង្គថបតិ គាត់មានកិច្ចច្រើន មានការងារច្រើន ដោយព្រះរាជកិច្ច។ ឯព្រះអនុរុទ្ធមានអាយុ ក៏ទទួលនិមន្ត ដោយតុណ្ហីភាព។