ពួក​ជន​ដទៃ​(​១​)​ ​តែង​មិនដឹង​ច្បាស់​ថា​ ​យើង​នឹង​វិនាស​ ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​នេះ​ឡើយ​ ​បណ្ឌិត​ទាំងឡាយ​ណា​ ​ដឹង​ច្បាស់​ក្នុង​ជំនុំ​សង្ឃ​នោះ​ ​ជម្លោះ​ ​តែង​រម្ងាប់​អំពីសំណាក់​បណ្ឌិត​ទាំងនោះ​ ​អម្បាល​ឆ្អឹង​មាតាបិតា​ ​របស់​ទីឃាវុ​កុមារ​ ​គេ​កាត់ចោល​ ​ទាំង​ជីវិត​ ​គេ​ក៏​សម្លាប់ចោល​ ​ទាំង​គោ​សេះ​ ​និង​ធនធាន​ ​គេ​ក៏​នាំ​យក​ទៅ​ ​ទាំង​ដែន​ ​គេ​ក៏​រឹបជាន់​ដណ្តើម​យក​អស់​ ​ស្តេច​ទាំងនោះ​ ​ម្តេច​គង់មាន​សេចក្តី​ព្រមព្រៀង​គ្នា​បាន​ ​ចុះ​អ្នក​ទាំងឡាយ​ ​ហេតុអ្វី​ ​ក៏​គ្មាន​សេចក្តី​ព្រមព្រៀង​គ្នា​សោះ​ ​បើ​បុគ្គល​បាន​នូវ​សំឡាញ់​ ​មាន​ប្រាជ្ញា​ ​ជា​គ្រឿង​រក្សាខ្លួន​(​២​)​ ​ជា​អ្នកប្រាជ្ញ​ ​មានធម៌​ជា​គ្រឿង​នៅ​សប្បាយ​ ​ត្រាច់​ទៅជាមួយ​គ្នា​ ​បុគ្គល​នោះ​ ​អាច​គ្រប​សង្កត់​ ​នូវ​សេចក្តី​អន្តរាយ​ទាំងពួង​បាន​ ​គប្បី​ជា​អ្នកមាន​សេចក្តី​ត្រេកអរ​ ​មានស្មារតី​ ​ត្រាច់​ទៅជាមួយ​នឹង​សំឡាញ់​នោះ​ចុះ​ ​

​(​១​)​ ​ពួក​ភិក្ខុ​ដែល​ឈ្លោះ​គ្នា​ ​(​២​)​ ​អដ្ឋកថា​មេ​ត្ត​សូត្រ​ថា​ ​បុគ្គល​មាន​ប្រាជ្ញា​ ​ចេះ​រក្សាសីល​ ​ឲ្យ​បរិសុទ្ធ​ ​ពិចារណា​បច្ច័យ​ ​មាន​ចីវរ​ជាដើម​ ​កំណត់​ដឹង​ ​នូវ​សេចក្តី​សប្បាយ​ ​៧យ៉ាង​ ​មាន​សប្បាយ​ដោយ​អាវាស​ជាដើម​ ​ឈ្មោះថា​ ​អ្នកមាន​ប្រាជ្ញា​ជា​គ្រឿង​រក្សាខ្លួន​
ថយ | ទំព័រទី ១៣៤ | បន្ទាប់