ត្រកូលអ្នកកើបសម្រាម ជាត្រកូលកំសត់ ឥតមានបាយ ទឹក ភោជន ប្រព្រឹត្តរស់នៅដោយលំបាក ជាត្រកូលរកបាយស៊ី និងសំពត់ស្លៀកបានដោយត្រដាបត្រដួស។ បុគ្គលនោះឯង ជាមនុស្សមានសម្បុរអាក្រក់ មិនគួរអ្នកផងមៀងមើល ជាមនុស្សតឿ មានជម្ងឺច្រើន ជាមនុស្សខ្វាក់ ក្ងែង ខ្ចក ខ្វិន ជាអ្នកមិនបានបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាបផ្សេងៗ ទីដេក ទីនៅអាស្រ័យ គ្រឿងប្រទីបឡើយ។ បុគ្គលនោះ ប្រព្រឹត្តទុច្ចរិត ដោយកាយ ប្រព្រឹត្តទុច្ចរិត ដោយវាចា ប្រព្រឹត្តទុច្ចរិត ដោយចិត្ត។ បុគ្គលនោះ លុះប្រព្រឹត្តទុច្ចរិត ដោយកាយ ប្រព្រឹត្តទុច្ចរិត ដោយវាចា ប្រព្រឹត្តទុច្ចរិត ដោយចិត្តហើយ ដល់បែកធ្លាយរៀងកាយស្លាប់ទៅ តែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរក។