[១៥៤] ម្នាលភិក្ខុទាំងឡាយ មួយទៀត ជនជាបណ្ឌិតឃើញនូវព្រះរាជាទាំងឡាយ កាលចាប់នូវចោរ ដែលប្រព្រឹត្តអាក្រក់បានហើយ ត្រាស់បង្គាប់ឲ្យធ្វើកម្មករណ៍ផ្សេងៗ គឺឲ្យវាយដោយរំពាត់ខ្លះ ឲ្យវាយដោយផ្តៅខ្លះ ឲ្យវាយដោយដំបងខ្លីខ្លះ ឲ្យកាត់ដៃខ្លះ ឲ្យកាត់ជើងខ្លះ ឲ្យកាត់ទាំងដៃ ទាំងជើងខ្លះ ឲ្យកាត់ស្លឹកត្រចៀកខ្លះ ឲ្យកាត់ច្រមុះខ្លះ ឲ្យកាត់ទាំងស្លឹកត្រចៀក ទាំងច្រមុះខ្លះ ឲ្យធ្វើពិលង្គថាលិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាឆ្នាំងដាក់ទឹកជ្រក់ខ្លះ(១) ឲ្យធ្វើនូវសង្ខមុណ្ឌិកកម្ម គឺអំពើដែលគេធ្វើក្បាល ឲ្យរលីងដូចជាសំបកស័ង្ខខ្លះ(២) ឲ្យធ្វើនូវរាហុមុខកម្ម គឺអំពើដែលគេធ្វើមាត់ ឲ្យដូចជាមាត់រាហុខ្លះ(៣) ឲ្យធ្វើនូវជោតិមាលិកកម្ម គឺអំពើដែលគេធ្វើខ្លួនមនុស្ស ឲ្យដូចជាផ្កាភ្លើងខ្លះ(៤) ឲ្យធ្វើនូវហត្ថប្បជ្ជោតិកកម្ម គឺអំពើដែលគេដុតដៃខ្លះ(៥) ឲ្យធ្វើនូវឯរកវត្តិកកម្ម គឺអំពើដែលគេធ្វើដូចជាពន្លាត់ស្បែកពពែខ្លះ(៦) ឲ្យធ្វើនូវចីរកវាសិកកម្ម គឺអំពើដែលគេធ្វើ ឲ្យដូចជាស្លៀកសំពត់សំបកឈើខ្លះ(៧) ឲ្យធ្វើនូវឯណេយ្យកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាជើងសត្វទ្រាយខ្លះ(៨)
(១)-(៨) មើលនយលក្ខណៈ ក្នុងមហាទុក្ខក្ខន្ធសូត្រ ក្នុងគម្ពីរមជ្ឈិមនិកាយ មូលបណ្ណាសកៈ បឋមភាគ ត្រង់ទំព័រ ៣២០-៣២១។