ដែលមានម្ចាស់ និងមិនមានម្ចាស់បាន។ គហបតិរតន៍នោះ ចូលទៅគាល់ស្តេចចក្រពត្តិ ក៏ក្រាបបង្គំទូល យ៉ាងនេះថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គ កុំមានសេចក្តីខ្វល់ខ្វាយឡើយ ខ្ញុំព្រះអង្គ នឹងចាត់ចែងការ ដែលគួរធ្វើដោយទ្រព្យថ្វាយ ដោយព្រះរាជទ្រព្យព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ កាលទ្រង់នឹងល្បងមើលគហបតិរតន៍នោះឯង មុនដំបូង ទ្រង់ប្រថាប់លើព្រះទីនាំងនាវា សំដៅទៅកាន់ខ្សែទឹក ក្នុងកណ្តាលទន្លេគង្គា ទើបទ្រង់ត្រាស់នឹងគហបតិរតន៍នោះ យ៉ាងនេះថា ម្នាលគហបតី យើងមានសេចក្តីត្រូវការ ដោយប្រាក់ និងមាស។ គហបតិរតន៍នោះ ក្រាបបង្គំទូលតបថា បពិត្រមហារាជ បើដូច្នោះ សូមទ្រង់អែបនាវាទៅខាងត្រើយច្រាំងម្ខាង។ ទ្រង់មានព្រះរាជឱង្ការថា ឱ គហបតី យើងមានសេចក្តីត្រូវការតែប្រាក់ និងមាសត្រង់ទីនេះឯង។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង គហបតិរតន៍នោះ លូកដៃទាំងពីរចុះទៅក្នុងទឹក ចាប់លើកយកឆ្នាំង ដែលពេញដោយប្រាក់ និងមាស ហើយក្រាបទូលស្តេចចក្រពត្តិថា បពិត្រមហារាជ ល្មមហើយដោយប្រាក់ និងមាសប៉ុណ្ណេះ