[១៧៧] ម្នាលភិក្ខុទាំងឡាយ លុះព្រះយមរាជសាកសួរ ដេញដោល សួរឈ្លេចឈ្លី នូវទេវទូតទី២ នឹងបុរសនោះរួចហើយ ទើបសាកសួរដេញដោល សួរឈ្លេចឈ្លី នូវទេវទូតទី៣ទៀតថា ម្នាលបុរស អ្នកឯងមិនបានឃើញទេវទូតទី៣ ដែលកើតប្រាកដ ក្នុងមនុស្សលោកទេឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ មិនបានឃើញទេ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ ត្រឡប់សួរបុរសនោះ យ៉ាងនេះវិញថា នែបុរស អ្នកឯងមិនបានឃើញនូវស្ត្រី ឬបុរស ដែលមានជម្ងឺ ដល់នូវសេចក្តីលំបាក ឈឺធ្ងន់ កំពុងដេកត្រាំក្នុងទឹកមូត្រ និងលាមករបស់ខ្លួន លុះតែមានពួកជនដទៃគ្រាហ៍ ទើបក្រោករួច មានពួកជនដទៃគ្រាហ៍ ទើបចូលមកបាន ក្នុងមនុស្សលោកទេឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គបានឃើញ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ សួរបុរសនោះ យ៉ាងនេះទៀតថា នែបុរស កាលអ្នកឯងនោះ ដឹងក្តីឡើង រហូតដល់ចាស់ តើមានគំនិតថា អាត្មាអញឯង មានជម្ងឺជាធម្មតា