[១៧៨] ម្នាលភិក្ខុទាំងឡាយ លុះព្រះយមរាជសាកសួរ ដេញដោល សួរឈ្លេចឈ្លី នូវទេវទូតទី៣ នឹងបុរសនោះរួចហើយ ទើបសាកសួរដេញដោល សួរឈ្លេចឈ្លី នូវទេវទូតទី៤ទៀតថា នែបុរស អ្នកឯងមិនបានឃើញទេវទូតទី៤ ដែលកើតប្រាកដ ក្នុងមនុស្សលោកទេឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនបានឃើញទេ។ ម្នាលភិក្ខុទាំងឡាយ ទើបព្រះយមរាជ ត្រឡប់សួរបុរសនោះ យ៉ាងនេះវិញថា នែបុរស ចុះអ្នកឯងបានឃើញ នូវព្រះរាជាទាំងឡាយ កាលចាប់ចោរ ដែលប្រព្រឹត្តអាក្រក់បានហើយ ត្រាស់បង្គាប់ឲ្យធ្វើកម្មករណ៍ផ្សេងៗ គឺឲ្យវាយដោយរំពាត់ខ្លះ ឲ្យវាយដោយផ្តៅខ្លះ ឲ្យវាយដោយដំបងខ្លីខ្លះ ឲ្យកាត់ដៃខ្លះ ឲ្យកាត់ជើងខ្លះ ឲ្យកាត់ទាំងដៃ ទាំងជើងខ្លះ ឲ្យកាត់ស្លឹកត្រចៀកខ្លះ ឲ្យកាត់ច្រមុះខ្លះ