ធ្វើទុកក្នុងចិត្ត នូវសុញ្ញតផលសមាបត្តិ ខាងក្រៅ គឺ បញ្ចក្ខន្ធអ្នកដទៃ បើភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវសុញ្ញតផលសមាបត្តិ ខាងក្នុង និងខាងក្រៅ។ បើភិក្ខុនោះ ធ្វើទុកក្នុងចិត្តនូវសេចក្តីមិនញាប់ញ័រ គឺ អរូបសមាបត្តិ។ កាលភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវសេចក្តីមិនញាប់ញ័រ ចិត្តមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅស៊ប់ មិនចុះចិត្តស៊ប់ ក្នុងសេចក្តីមិនញាប់ញ័រ ។ ម្នាលអានន្ទ កាលបើមានហេតុយ៉ាងនេះ ភិក្ខុគង់ដឹងច្បាស់ យ៉ាងនេះថា កាលអាត្មាអញ ធ្វើទុកក្នុងចិត្ត នូវសេចក្តីមិនញាប់ញ័រហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅស៊ប់ មិនចុះចិត្តស៊ប់ ក្នុងសេចក្តីមិនញាប់ញ័រ ។ ភិក្ខុនោះ ជាអ្នកដឹងច្បាស់ ក្នុងហេតុនោះ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ ភិក្ខុនោះ ត្រូវតាំងចិត្ត ធ្វើចិត្តឲ្យជ្រះថ្លា ធ្វើចិត្តឲ្យស្ងប់ស្ងាត់ ធ្វើចិត្តឲ្យរីករាយ ខាងក្នុង ក្នុងសមាធិនិមិត្ត ពីមុននោះវិញ។ ភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវសុញ្ញតផលសមាបត្តិ ខាងក្នុង។ កាលភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវសុញ្ញតផលសមាបត្តិ ខាងក្នុងហើយ ចិត្តក៏ស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ចុះចិត្តស៊ប់ ក្នុងសុញ្ញតផលសមាបត្តិខាងក្នុង។ ម្នាលអានន្ទ កាលបើចិត្តនុ៎ះ ស្ងប់ស្ងាត់យ៉ាងនេះ ភិក្ខុ