[៤] ម្នាលអានន្ទ មួយទៀត ភិក្ខុមិនធ្វើទុកក្នុងចិត្ត នូវអរញ្ញសញ្ញា មិនធ្វើទុកក្នុងចិត្ត នូវបឋវីសញ្ញាទេ តែធ្វើទុកក្នុងចិត្ត នូវសភាវៈមួយ ព្រោះអាស្រ័យអាកាសានញ្ចាយតនសញ្ញា ភិក្ខុនោះ មានចិត្តស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ជឿស៊ប់ ក្នុងអាកាសានញ្ចាយតនសញ្ញា ។ ភិក្ខុនោះ ដឹងច្បាស់យ៉ាងនេះថា សេចក្តីក្រវល់ក្រវាយទាំងឡាយណា នៅមាន ព្រោះអាស្រ័យអរញ្ញសញ្ញា សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ សេចក្តីក្រវល់ក្រវាយទាំងឡាយណា នៅមាន ព្រោះអាស្រ័យបឋវីសញ្ញា សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ តែសេចក្តីក្រវល់ក្រវាយនេះ បែរជានៅមាន គឺ នៅមានសភាវៈមួយ ព្រោះអាស្រ័យអាកាសានញ្ចាយតនសញ្ញា។ ភិក្ខុនោះដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកអរញ្ញសញ្ញា ដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកបឋវីសញ្ញា។